បានផ្ទៀងផ្ទាត់
សាកលវិទ្យាល័យធនធានមនុស្ស ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៨ ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលផ្ដល់ការបណ្ដុះបណ្ដាលវគ្គខ្លីទៅលើជំនាញ គណនេយ្យ ទីផ្សារ គ្រប់គ្រង និងភាសាបរទេស។ វាបានក្លាយទៅជាសាកលវិទ្យាល័យធនធានមនុស្ស នៅក្នុងឆ្នាំ២០០៥។ បីឆ្នាំក្រោយមក សាកលវិទ្យាល័យធនធានមនុស្សបានពង្រីកឲ្យមានកម្មវិធីសិក្សាថ្នាក់បណ្ឌិតបន្ថែមទៀត។ បច្ចុប្បន្ននេះសាកលវិទ្យាល័យធនធានមនុស្ស មានទីតាំងនៅក្នុងខណ្ឌចំការមន។
កម្មវិធីសិក្សាស្តង់ដារ៖ កម្មវិធីសិក្សានិងវិជ្ជាជីវៈនៅ សកលវិទ្យាល័យធនធានមនុស្សមានលក្ខណៈស្តង់ដារដែលត្រូវបានកែលម្អជាទៀងទាត់ដោយក្រុមប្រឹក្សាសិក្សានិងគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សាដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនិងនិន្នាការក្នុងឧស្សាហូបនីយកម្មនិងឌីជីថល។
សាស្រ្តាចារ្យដែលមានគុណវុឌ្ឍិខ្ពស់៖ សកលវិទ្យាល័យធនធានមនុស្សបានជ្រើសរើសសាស្រ្តាចារ្យមកពីសាវតាវិជ្ជាជីវៈជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀនក៏ដូចជាពីវិជ្ជាជីវៈរបស់ពួកគេ។
គ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធស្តង់ដារ៖ សាកលវិទ្យាល័យធនធានមនុស្សបានបង្កើតអគារផ្ទាល់ខ្លួននៅកណ្តាលរាជធានីភ្នំពេញ។ អគារសាកលវិទ្យាល័យមាន ១២ ជាន់ការិយាល័យនិងថ្នាក់រៀនបំពាក់ដោយបរិក្ខារទំនើបបណ្ណាល័យធំ អាហារដ្ឋាននិងបន្ទប់ប្រភេទផ្សេងៗគ្នាដែលអាចផ្ទុកអ្នកសិក្សាបានប្រមាណ ២ ម៉ឺននាក់។
សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខនៅកម្ពុជាលើការអប់រំ បណ្តុះបណ្តាល និងការស្រាវជ្រាវ ប្រកបដោយគុណភាពខ្ពស់ដែលមានការទទួលស្គាល់ជា លក្ខណៈជាតិ និងអន្តរជាតិ។
សាកលវិទ្យាល័យធនធានមនុស្ស ប្តេជ្ញាអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវ ប្រកបដោយគុណភាព គុណតម្លៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងមុខរបរ និងដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
ដើម្បីធានាឱ្យមានប្រសិទ្ធភាពនៃការអប់រំបណ្តុះបណ្តាល និងដើម្បីជម្រុញកំណើននិស្សិត មានការងារធ្វើ និងមុខរបរវិជ្ជាជីវៈ សាកលវិទ្យាល័យធនធានមនុស្ស បានដាក់ចេញនូវគោលដៅ៩ចំណុច ដូចខាងក្រោម៖ ១. លើកកម្ពស់អភិបាលកិច្ច និងការងារគ្រប់គ្រង-ដឹកនាំ ២. ពង្រឹងការអនុវត្ត និងអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងមុខរបរ ៣. ពង្រឹងគុណភាពបង្រៀន និងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកសិក្សា ៤. ផ្តល់នូវសេវានិស្សិតប្រកបដោយប្រសិទ្ធភាព ៥. កែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានសិក្សា ដើម្បីធានាប្រសិទ្ធភាព នៃការបណ្តុះបណ្តាល ៦. រៀបចំផែនការថវិកា និងពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ៧. លើកកម្ពស់ការងារស្រាវជ្រាវ ៨. ពង្រឹង និងអភិវឌ្ឍប្រព័ន្ធធានាគុណភាពផ្ទៃក្នុង ៩. ពង្រឹង និងពង្រីកការងារសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ